បទល្មើសព្រៃឡង់ខេត្តក្រចេះ នៅតែបន្តរីករាលដាល ស្របពេលការបាត់បង់ព្រៃឈើកំពុងគំរាមកំហែងដល់ជីវិតមនុស្សជាតិ!
បើទោះបីជាមានការអះអាងពីការរឹតបន្តឹងច្បាប់ និងកិច្ចការពារពីសំណាក់មន្ត្រីជំនាញបរិស្ថាន ក៏ដូចជាអាជ្ញាធរមូលដ្ឋានយ៉ាងណាក្ដី ដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងភូមិសាស្ត្រខេត្តក្រចេះ នៅតែបន្តរងការកាប់បំផ្លាញ និងលួចលាក់ដឹកជញ្ជូនឈើចេញដោយសេរី ពីសំណាក់ក្រុមជនខិលខូច។
ជាក់ស្តែង យោងតាមរបាយការណ៍បឋម និងរូបភាពភស្តុតាងស្តែងៗពីសកម្មភាពចុះល្បាតរយៈពេល ៣យប់ ៤ថ្ងៃ (ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦) របស់បណ្តាញសហគមន៍ការពារព្រៃឡង់ខេត្តក្រចេះ បានបង្ហាញឱ្យឃើញនូវទិដ្ឋភាពដ៏ខ្លោចផ្សា គឺគល់ឈើធំៗដែលទើបនឹងកាប់ផ្តួលថ្មីៗ ចំនួន ១១គល់ ឈើអារស្រឡះជាសន្លឹក (ប្រភេទឈើគ្រឿង) ចំនួន ៩៦សន្លឹក ត្រូវបានក្រឡុក និងលាក់ទុកត្រៀមដឹកជញ្ជូន ត្រង់ចំណុចជិតវាលត្រពាំងតូច និងត្រពាំងធំ។

អ្វីដែលគួរឱ្យព្រួយបារម្ភ គឺសហគមន៍បានប្រឈមមុខផ្ទាល់ ជាមួយសកម្មភាពល្មើសច្បាប់ ដោយបានប្រទះឃើញគោយន្តកែច្នៃដឹកឈើគ្រឿងធំៗពេញៗ គោយន្តចំនួន ៥គ្រឿង កំពុងធ្វើសកម្មភាពយ៉ាងគគ្លើន និងគោយន្តទទេចំនួន ៣គ្រឿងទៀត កំពុងបើកបរចូលព្រៃក្នុងបំណងត្រៀមដឹកឈើបន្ថែម។
សកម្មភាពបំផ្លិចបំផ្លាញទាំងនេះ បានស្តែងឱ្យឃើញថា ក្រុមឈ្មួញនិងជនខិលខូច នៅតែមានលទ្ធភាពជ្រៀតចូល និងបំផ្លិចបំផ្លាញធនធានធម្មជាតិដ៏មានតម្លៃនេះ បានយ៉ាងងាយស្រួល ទាំងដែលតំបន់នោះស្ថិតក្រោមដែនសមត្ថកិច្ចគ្រប់គ្រងផ្ទាល់របស់មន្ត្រីជំនាញ និងអាជ្ញាធរដែនដី។
ព្រៃឡង់ជាជម្រកដ៏សុវត្ថិភាពសម្រាប់សត្វព្រៃកម្រ និងរុក្ខជាតិមានតម្លៃ ព្រមទាំងជាប្រភពចំណូលមិនមែនឈើ (ដូចជា បោចវល្លិ រកឃ្មុំ ដកផ្សិត និងជ័រទឹក) សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាសហគមន៍មូលដ្ឋាន។
នៅពេលដែលព្រៃឈើត្រូវរងការកាប់បំផ្លាញ ដូចដែលកំពុងកើតមាននៅតំបន់ព្រៃឡង់ពេលនេះ មនុស្សជាតិនឹងត្រូវទទួលរងនូវទម្ងន់ នៃការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរត្រឡប់មកវិញ ក៏ដោយសារជួបវិបត្តិពីការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ការបាត់បង់ព្រៃឈើធ្វើឱ្យអាកាសធាតុកាន់តែក្តៅហួតហែង របបទឹកភ្លៀងប្រែប្រួល ដែលបង្កឱ្យមានគ្រោះរាំងស្ងួតអូសបន្លាយ ឬគ្រោះទឹកជំនន់ឆាប់រហ័ស ដោយសារគ្មានដើមឈើជួយស្រូបទឹកភ្លៀង។
ការបាត់បង់ជីវៈចម្រុះ និងជម្រកសត្វព្រៃ គឺនៅពេលព្រៃលិចលង់ ឬរេចរឹល សត្វព្រៃនឹងគ្មានជម្រក គ្មានអាហារ ដែលនាំឱ្យពួកវាប្រឈមនឹងការដាច់ពូជ ឬរត់ចូលមកក្នុងភូមិកររបស់ប្រជាពលរដ្ឋ បង្កជាជម្លោះរវាងមនុស្សនិងសត្វព្រៃ។ ប្រសិនបើគ្មានព្រៃឈើ ដីនឹងបាត់បង់ជីវជាតិ មិនអាចធ្វើកសិកម្មបានផលល្អ ហើយប្រភពទឹកធម្មជាតិនឹងត្រូវរីងស្ងួត ដែលជះឥទ្ធិពលអាក្រក់ផ្ទាល់ដល់សន្តិសុខស្បៀង និងសេដ្ឋកិច្ចជាតិទាំងមូល៕
==============
#ដែនជម្រកសត្វព្រៃ #ពរៃឡង់ #ខេត្តក្រចេះ #ខេត្តកំពង់ធំ #ខេត្តព្រះវិហារ #ខេត្តស្ទឹងត្រែង #រមគ្នាដើម្បីជាតិមាតុភូមិកម្ពុជា #រមគ្នាការពារព្រៃឈើ #បរទេសកម្ពុជា #Cambodia #sambo